Community Support Pro
🇺🇸 English 🇰🇭 ភាសាខ្មែរ
ការពង្រឹងសហគមន៍

គម្រោងគាំទ្រសហគមន៍

"យើងធ្វើការរួមគ្នាជាមួយសហគមន៍ មិនមែនធ្វើការសម្រាប់ពួកគេ ឬធ្វើចំពោះពួកគេទេ"

សហគមន៍ មានភាពជាម្ចាស់ ក្នុងការផ្តួចផ្តើមធ្វើការជាបណ្តាញជាមួយនឹងមនុស្សពាក់ព័ន្ធបែបបរិយាបន្ន ក្នុងវិស័យការការពារកុមារ ដោយផ្តោតលើការលើកស្ទួយសិទ្ធិកុមារក្នុងការចូលរួម និងការពង្រឹងការថែទាំកុមារតាមគ្រួសារដែលមានប្រសិទ្ធភាព។

គោលបំណងគម្រោង

ការពង្រឹងសហគមន៍ និងអ្នកពាក់ព័ន្ធសំខាន់ៗ ឱ្យទទួលខុសត្រូវ និងចូលរួមយ៉ាងសកម្មក្នុងការការពារកុមារ

គោលបំណងគម្រោង

  • គម្រោងគាំទ្រសហគមន៍ ជាគម្រោងមួយដែលធ្វើការពង្រឹងសហគមន៍ និងមនុស្សពាក់ព័ន្ធ ដើម្បីជម្រុញអោយអ្នកមានតួនាទីភារកិច្ច និង អ្នកពាក់ព័ន្ធ ចូលរួមនិងអនុវត្តក្នុងការការពារកុមារ និងទប់ស្កាត់ការរំលោភបំពានកុមារគ្រប់ទម្រង់ ព្រមទាំងអន្តរគមន៍ដើម្បីទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារក្នុងសហគមន៍របស់ពួកគេ។
  • គម្រោងធ្វើការជាមួយនឹង អ្នកនាំការផ្លាស់ប្តូរ ដែលមាន អ្នកដឹកនាំសាសនា/ក្រុមជំនុ អ្នកស្ម័គ្រចិត្តក្នុងសហគមន៍ អ្នកមនិងក្រុមយុវជនក្នុងសហគមន៍។ ពួកគេគឺជាក្រុមមនុស្សដែលមានទស្សនៈវិស័យសម្រាប់សហគមន៍របស់ពួកគេ ដោយចង់អោយសហគមន៍ជាពិសេសកុមារទទួលបាននូវសុវត្ថិភាព ការអប់រំ និងការអភិវឌ្ឍ។
  • ពួកគេធ្វើការស្ម័គ្រចិត្តវិនិយោគនូវ ការបេ្តជ្ញាចិត្ត ពេលវេលា ឆន្ទះ ដើម្បីជម្រុញអោយ ទស្សនៈវិស័យរួមរបស់ពួកគេ និងរបស់ម្លប់ឫស្សី បានសម្រេចតាមរយៈ ប្រើប្រាស់នូវចំនេះដឹង ការប្រាស្រ័យទាក់ទង និង ការធ្វើការជាបណ្តាញជាមួយនឹង អាជ្ញាធរមូលដ្ឋាន គ្រូបង្រៀន អ្នកដឹកនាំសាសនា/វត្តអារាម និង អាណាព្យាបាលកុមារ ដើម្បីកិច្ចការពារកុមារ។

កម្មវិធីនៃគម្រោងគាំទ្រសហគមន៍៖

កម្មវិធីចម្រុះ ដែលត្រូវបានរៀបចំឡើងជាយុទ្ធសាស្ត្រ ដើម្បីពង្រឹងសមត្ថភាពសហគមន៍ ក្នុងការការពារ និងឆ្លើយតបចំពោះហានិភ័យលើកុមារ ព្រមទាំងគាំទ្រ និងលើកកម្ពស់ភាពរឹងមាំនៃគ្រួសារ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពកុមារ។

កម្មវិធី ជនគម្រូ

គាំទ្រ និងលើកកម្ពស់សុខុមាលភាពរបស់កុមារ និងយុវជន ដែលកំពុងស្នាក់នៅក្នុងមណ្ឌលថែទាំជំនួសចំពោះកុមារ កុមារ និងយុវជនដែលបានចាកចេញពីមណ្ឌលថែទាំជំនួស និងកុមារងាយរងគ្រោះនៅក្នុងសហគមន៍ ដើម្បីទប់ស្កាត់ការបែកចេញពីគ្រួសារ លើកកម្ពស់ការបង្រួបបង្រួម សមាហរណកម្មត្រឡប់ទៅគ្រួសារដើមវិញ ដោយផ្តោតលើការអភិវឌ្ឍផែនការជីវិត បំណិនជីវិត និងការការពារសិទ្ធិ និងឧត្តមប្រយោជន៍របស់ពួកគេ។

កម្មវិធី គាំទ្រយុវជននិងកុមារក្នុងសហគមន៍

ធ្វើការតាមរយៈយុវជននិងកុមារក្នុងក្រុមជំនុំដើម្បីពង្រឹងសមត្ថភាពអោយពួកគេអាចធ្វើការជាមួយគ្នា និង ចែករំលែកដល់កុមារក្នុងសហគមន៍និង ធ្វើការជាមួយនឹងក្រុមប្រឹក្សាកុមារដើម្បីលើកកម្ពស់ការចូលរួមរបស់កុមារ និងសម្លេងរបស់កុមារដែលងាយរងគ្រោះនិងកុមាររងគ្រោះ។

កម្មវិធី កិច្ចការពារកុមារក្នុងបរិបទគ្រប់គ្រងគ្រោះមហន្តរាយ និងភាពធន់នៃការប្រែប្រួលអាកាសធាតុ

ធ្វើការជាមួយនឹងក្រុមជំនុំដៃគូរ និងអាជ្ញាធរមូលដ្ឋានដែលជា គណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ឃុំ/សង្កាត់ដើម្បី ធ្វើការរួមគ្នាលើវិស័យកិច្ចការពារកុមារក្នុងបរិបទគ្រោះមហន្តរាយ។ គម្រោងបានជំរុញឱ្យក្រុមជំនុំ និងអាជ្ញាធរមូលដ្ឋាន៖

  • មានជំនាញលើការប៉ាន់ប្រមាណហានិភ័យ និងសមត្ថភាពឆ្លើយតបក្នុងស្ថានភាពគ្រោះមហន្តរាយ
  • យល់ដឹងឱ្យកាន់តែច្បាស់អំពីតួនាទីខ្លួនក្នុងការការពារកុមារ
  • បង្កើតយន្តការសុវត្ថិភាពសម្រាប់កុមារដោយការធ្វើការជាជំរូវ និងបណ្តាញរួមគ្នា

កម្មវិធី ពង្រឹងគ្រួសារ តាមរយៈមុខរបរខ្នាតតូច និង ថ្នាក់គ្រប់គ្រងថវិការ

រកចំណូលតាមរយៈមុខរបរខ្នាតតូច, ពង្រឹងនិរន្តរភាពសេដ្ឋកិច្ច និង បង្កើនជំនាញគ្រប់គ្រងថវិកាដោយមានចំណេះដឹងត្រឹមត្រូវ។ តាមរយៈកម្មវិធីនេះ គ្រួសារត្រូវបានគាំទ្រដើម្បី៖

  • មានជំនាញបង្កើត និងគ្រប់គ្រងអាជីវកម្មខ្នាតតូច ឲ្យមានប្រសិទ្ធភាព។
  • មានសមត្ថភាពគ្រប់គ្រងចំណូល–ចំណាយ
  • បង្កើនសមត្ថភាពក្នុងការថែទាំ ការការពារ និងគាំទ្រកុមារនៅក្នុងគ្រួសារ

អន្តរាគមន៍ឆ្លើយតបបន្ទាន់ចំពោះកុមាររងគ្រោះនិងកុមារងាយរងគ្រោះ ដើម្បីទប់ការបំបែកកុមារចេញពីគ្រួសារ

ការពារ និងគាំទ្រកុមារដែលរងគ្រោះ និងកុមារងាយរងគ្រោះ ដោយផ្តល់សេវាបន្ទាន់ និងការឧបត្ថម្ភចាំបាច់ ដើម្បី៖

  • ទប់ស្កាត់ការបំបែកកុមារចេញពីគ្រួសារ
  • ធានាថាកុមារទទួលបានសុវត្ថិភាព ការការពារ និងសិទ្ធិរបស់ពួកគេ,
  • ជួយអោយគ្រួសារអាចថែរក្សាកុមារបានក្នុងបរិយាកាសសុវត្ថិភាព និងមានគាំទ្រ។

វគ្គបណ្តុះបណ្តាល

ការកសាងសមត្ថភាពសម្រាប់សមាជិកសហគមន៍ ដើម្បីអាចអនុវត្តការការពារ និងគាំទ្រកុមារ បានយ៉ាងមានប្រសិទ្ធភាព និងទាន់ពេលវេលា ស្របតាមគោលការណ៍សុវត្ថិភាព និងសុខុមាលភាពកុមារ។

សិទ្ធិកុមារ កិច្ចការពារកុមារ និង សុវត្ថិភាពកុមារ

ការបណ្តុះបណ្តាលទូលំទូលាយ ស្តីពីសិទ្ធិកុមារ មេកានិច និងប្រព័ន្ធការពារ ព្រមទាំងគោលការណ៍ និងនីតិវិធីសុវត្ថិភាព (Safeguarding) ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពកុមារ នៅគ្រប់បរិបទ និងបរិស្ថានទាំងអស់។

តួនាទីភារកិច្ចបណ្តាញកិច្ចការពារកុមារឃុំ/សង្កាត់

ការបណ្តុះបណ្តាលអំពីមុខងារ ភារកិច្ច និងវិធីសាស្ត្រសហការរវាងភាគីពាក់ព័ន្ធ នៃបណ្តាញការពារកុមារកម្រិតមូលដ្ឋាន ដើម្បីពង្រឹងការសម្របសម្រួល និងប្រសិទ្ធភាពក្នុងការការពារ និងឆ្លើយតបចំពោះករណីកុមារ។

យុទ្ធនាការគ្រួសាររឹងមាំ

កម្មវិធីផ្តោតលើការពង្រឹងទំនាក់ទំនងក្នុងគ្រួសារ ការចិញ្ចឹមបីបាច់វិជ្ជមាន និងការបង្កើតបរិយាកាសគ្រួសារដែលមានសុវត្ថិភាព និងគាំទ្រដល់កុមារ ដើម្បីលើកកម្ពស់សុខុមាលភាព និងការអភិវឌ្ឍន៍របស់កុមារ។

ការកាត់បន្ថយហានិភ័យនៃគ្រោះមហន្តរាយនិងការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ ដោយយកចិត្តទុកដាក់លើកិច្ចការយេនឌ័រនិងពិការភាព

ការបណ្តុះបណ្តាលអំពីការត្រៀមខ្លួនទប់ស្កាត់គ្រោះមហន្តរាយ និងការកសាងភាពធន់នឹងអាកាសធាតុ ដោយមានវិធីសាស្ត្ររួមបញ្ចូល ដែលឆ្លើយតបទៅនឹងតម្រូវការរបស់សមាជិកសហគមន៍ទាំងអស់ ដោយមិនរើសអើង។

ថ្នាក់គ្រប់គ្រងថវិកា (CAFE-Consumer Awareness of Financial Empowerment)

ការបណ្តុះបណ្តាលអនុវត្តន៍អំពីការគ្រប់គ្រងហិរញ្ញវត្ថុគ្រួសារ ការរៀបចំថវិកា និងការលើកកម្ពស់អំណាចសេដ្ឋកិច្ច ដើម្បីពង្រឹងស្ថិរភាព និងភាពរឹងមាំរបស់គ្រួសារ។

តំបន់គោលដៅរបស់អង្គការម្លប់ឫស្សី

Project Area Coverage
អង្គការម្លប់រុស្សី - ផ្នែកខាងក្រោម